នំពេញៈ ថ្នាក់ដឹកនាំថ្មីនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ប្តេជ្ញាពង្រឹងភាពជាដៃគូជាមួយនឹងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងបរិស្ថាន ដើម្បីជំរុញឧស្សាហកម្មបៃតង និងការអភិវឌ្ឍវិស័យការងារឱ្យកាន់រីកចម្រើនសម្រាប់ការនាំចេញផលិតផលពីកម្ពុជា ដែលជួយបង្កើតការងារជូនកម្មករនិយោជិតប្រមាណ ១,២ លាននាក់ និងអ្នកទទួលផលដោយប្រយោលពីវិស័យនេះ ប្រមាណ ៣លាននាក់។
ការប្តេជ្ញានេះធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយនឹងក្រសួងទាំងពីរ។ លោក Enjoy Ho ប្រធានថ្មីនៃ TAFTAC សម្រាប់អាណត្តិទី១៧ (២០២៦-២០២៨) និងគណៈកម្មការប្រតិបត្តិថ្មី នាថ្ងៃអង្គារទី៧ ខែមេសានេះបានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការងារ លោកហេង សួរ ដើម្បីពង្រឹងភាពជាដៃគូ ក្នុងការជំរុញការអភិវឌ្ឍវិស័យការងារឱ្យកាន់រីកចម្រើនប្រកបដោយសមត្ថភាពប្រកួតប្រជែង និងរក្សាបាននូវទីផ្សារសម្រាប់ការនាំចេញផលិតផលពីកម្ពុជា។
ជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងរឹងមាំរបស់ TAFTAC ដែលបានដំណើរការដោយជោគជ័យជិត៣០ឆ្នាំមកហើយ ដែលរួមចំណែកធ្វើឱ្យវិស័យនេះរីកចម្រើនរហូតមកដល់ពេលនេះ លោករដ្ឋមន្រ្តីក៏បានអបអរសាទរចំពោះលោក Enjoy Ho ដែលត្រូវបានបោះឆ្នោតជាប់ជាប្រធាន TAFTAC ដោយលោកបានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំថ្មីប្រកបដោយថាមពលនេះនឹងធ្វើឱ្យ TAFTAC កាន់តែមានសាមគ្គីភាពដ៏រឹងមាំ និងការរីកចម្រើន បន្តរួមចំណែកក្នុងការលើកកម្ពស់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបក៏ដូចជាសេដ្ឋកិច្ចកម្ពុជា។
