ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគ្រោងនឹងចាប់ផ្តើមអនុវត្តកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) របស់អតីតពលករមកពីប្រទេសថៃក្នុងជំហានទី១ ចំនួន ១ម៉ឺននាក់ដោយឥតគិតថ្លៃ នៅថ្ងៃទី២៤ ខែមេសានេះ ដើម្បីបំប្លែងបទពិសោធជាក់ស្តែង ទៅជាវិញ្ញាបនបត្រផ្លូវការ។
នៅមុនពេលចាប់ផ្តើមការអនុវត្តនេះ កិច្ចប្រជុំផ្សព្វផ្សាយជាមួយក្រុមហ៊ុនសំណង់ និងសមាគមអ្នកសាងសង់កម្ពុជាប្រមាណ ៣០ ស្តីពី «ការត្រៀមរៀបចំអនុវត្តកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន» ត្រូវបានរៀបចំធ្វើឡើង នៅថ្ងៃអង្គារ ទី៧ ខែមេសានេះ ដើម្បីពិភាក្សានិងធ្វើជាសាក្សីលើការអនុវត្តកម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL)នេះឱ្យមានប្រសិទ្ធភាព និងពង្រីកការអនុវត្តឱ្យបានទូលំទូលាយស្របតាមតម្រូវការទីផ្សារការងារ និងទិសដៅអភិវឌ្ឍធនធានមនុស្ស ក៏ដូចជា ដើម្បីទស្សនា និងអង្កេតការដាក់ឱ្យអនុវត្តសាកល្បងនូវកម្មវិធី RPL នៅទីតាំងផ្ទាល់នៅក្នុងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។
ថ្លែងក្នុងពេលដឹកនាំកិច្ចប្រជុំ រដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ បានគូសបញ្ជាក់ពីគោលដៅកម្មវិធី RPL គឺដើម្បីអភិវឌ្ឍធនធានមនុស្ស បង្កើនផលិតភាពនិងភាពប្រកួតប្រជែង និងបំប្លែងបទពិសោធការងារទៅជាវិញ្ញាបនបត្រផ្លូវការ ជាពិសេសសម្រាប់វាយតម្លៃអតីតពលករមកពីប្រទេសថៃ ដែលក្នុងជំហានទី១នេះ មានចំនួន ១ ម៉ឺននាក់។ នេះបើយោងតាមក្រសួងការងារ។
[img]
ការរៀបចំការធ្វើតេស្ត RPL ជូនដល់បងប្អូនអតីតពលករមកពីថៃដោយឥតគិតថ្លៃនេះធ្វើឡើងទៅតាមអនុសាសន៍ណែនាំរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងការជំរុញការអភិវឌ្ឍនិងទទួលស្គាល់លើមុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់ ដែលពួកគាត់អាចយកទៅប្រើប្រាស់ ដើម្បីទទួលបានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់ជាងមុន។ ជំនាញទាំង ៨នោះរួមមាន៖ ការងារកំបោរ (រៀបឥដ្ឋនិងបូក) ការងារការ៉ូ ការដំឡើងពុម្ព ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការងាររន្ទា ការដំឡើងសរសៃដែក និង ការផ្សារអគ្គិសនី។
ការធ្វើតេស្តក្នុងជំហានទី១ នេះគឺនឹងធ្វើឡើងជារៀងរាល់ចុងសប្តាហ៍ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅតាមរាជធានី-ខេត្ដគោលដៅចំនួន ៦ រួមមាន រាជធានីភ្នំពេញ ខេត្ដបាត់ដំបង បន្ទាយមានជ័យ សៀមរាប តាកែវ និងខេត្តស្វាយរៀង។ បើជំហានទី ១នេះទទួលជោគជ័យ ក្រសួងនឹងបន្តកម្មវិធីនេះទៅជំហានទី ២ទៀត ដែលក៏នឹងផ្តោតលើកម្លាំងកម្មករក្នុងស្រុកផងដែរ។
